អ្នកផលិតស្ករត្នោតទាំងអស់ នៅក្នុងតំបន់ភូមិសាស្រ្តផលិតស្ករត្នោតកំពង់ស្ពឺ មិនទាន់បានចូលរួមផលិតស្ករត្នោតកំពង់ស្ពឺ តាមលក្ខណៈបច្ចេកទេសនៅឡើយទេ។ ដោយសារតែតម្រូវការស្ករត្នោតកំពង់ស្ពឺ មានការកើនឡើង សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ បានធ្វើយុទ្ធនាការណ៌ចុះឈ្មោះអ្នកផលិតស្ករត្នោតបន្ថែមមួយចំនួនទៀតឲ្យក្លាយជាសមាជិករបស់ខ្លួន។ ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២០ សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺបានចុះឈ្មោះអ្នកផលិតស្ករត្នោតថ្មីចំនួន ៨៣ នាក់ បន្ថែមទៀតជាសមាជិករបស់ខ្លួន ហើយពួកគេទាំងនេះបានដាក់ចិត្តដាក់កាយខ្ពស់ក្នុងការផលិតស្ករត្នោតឲ្យត្រូវតាមលក្ខណៈបច្ចេកទេសដែលតម្រូវដោយសមាគម។ បច្ចុប្បន្ន សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺមានសមាជិកជាអ្នកផលិតស្ករត្នោតចំនួនចំនួន ១៥០ រូប ដែលមានដើមត្នោតចំនួន ៣៦៣៧ ដើម ហើយអាចផលិតស្ករត្នោតបានប្រហែល២៥០តោនក្នុង ១ ឆ្នាំ។
ដើម្បីឱ្យគ្រប់ផលិតករស្ករត្នោតទាំងអស់ ដែលជាសមាជិករបស់សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ ទាំងសមាជិកថ្មី និងសមាជិកចាស់ដែលមានស្រាប់ អាចផលិតស្ករត្នោតកំពង់ស្ពឺបាន សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺបានបណ្តុះបណ្តាល និងចុះបង្រៀនពួកគេទាំងអស់តាមផ្ទះ អំពីបច្ចេកទេសផលិតស្ករត្នោត និងតម្រូវការគុណភាព ដែលមានចែងក្នុងសៀវភៅបន្ទុកស្ករត្នោតកំពង់ស្ពឺ។ ក្នុងពេលជាមួយគ្នានោះដែរ សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ ក៏បានរៀបចំ និងចែកជូនសមាជិកទាំងអស់ នូវសៀវភៅផលិតករ ដើម្បីកត់ត្រាអំពីផលិតផលស្ករដែលគេផលិតបាន និងស្ករត្នោតដែលពួកគេបានលក់ ដែលវាជាផ្នែកមួយនៃការស្វែងតឹកតាងផលិតផល។ រហូតដល់ចុងខែមីនា ឆ្នាំ២០២១ សមាគម បានចែកជូនសៀវភៅផលិតករ ទៅដល់សមាជិកចំនួន ១៥០ រូប ហើយសមាគមក៏បានផ្តល់វគ្គបណ្តុះបណ្តាលដល់ពួកគេ អំពីសៀវភៅបន្ទុក និងរបៀបកត់ត្រានៅក្នុងសៀវភៅផលិតករផងដែរ។
ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺបានចូលរួមក្នុង ពិពណ៌ពាណិជ្ជកម្មមួយនៅខេត្តសៀមរាប ដែលបានសហការរៀបចំដោយ ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កំឡុងពេល ០៣ ថ្ងៃនះ ប្រធានសមាគម លោក សំសារឿន និងបុគ្គលិកសមាគម លោក វី វាសនា បានរៀបចំដាក់តាំងស្ករត្នោតកំពង់ស្ពឺ នៅក្នុងពិពណ៌នោះ។
បទសម្ភាសន៍ជាមួយចុងភៅ សាកាល ភឿង
ភោជនីយដ្ឋាន Le Corto ទីក្រុងហូជីមិញ
ប្រធានក្រុមហ៊ុន Escoffier នៅប្រទេសវៀតណាម
មេចុងភៅ ប្រទេសបារាំង
http://www.lecortovietnam.com/
តើអ្នកស្គាល់ស្ករត្នោតកំពង់ស្ពឺតាមរបៀបណា?
នៅពេលដែលខ្ញុំនៅក្មេង ពូរបស់ខ្ញុំគឺជាអ្នកធ្វើស្ករត្នោត។ នៅពេលរដូវប្រាំងមកដល់គាត់តែងតែទៅឡើងដើមត្នោត ដើម្បីទៅប្រមូលយកទឹកត្នោត។ ជួនកាលខ្ញុំបានទៅជាមួយគាត់ ហើយជួយរែកបំពង់ទឹកត្នោតដែលមានពេញដោយទឹកត្នោតត្រឡប់មកផ្ទះវិញ។ បន្ទាប់មកមីងរបស់ខ្ញុំ បានយកទឹកត្នោតទៅរម្ងាស់ រហូតឡើងខាប់ ហើយប្រែទៅជាពណ៌ខារ៉ាម៉ែល។
ចាប់តាំងពីស្ករត្នោតកំពង់ស្ពឺបានទទួលស្គាល់ជា ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ វាបានក្លាយជាផលិតផលដែលបានស្គាល់ដោយចុងភៅជាច្រើន។ ខ្ញុំពិតជាចូលចិត្តរសជាតិ និងក្លិនរបស់វា។
តើអ្នកពិពណ៌នា គុណភាព និងលក្ខណៈពិសេសអំពីផលិតផលនេះយ៉ាងដូចម្តេច?
ដំបូងស្ករត្នោត គឺជាផលិតផល ប្រចាំតំបន់របស់ប្រទេសកម្ពុជា ហើយ វាជាផលិតផលធម្មជាតិ។ យើងគ្រាន់តែប្រមូលទឹកត្នោត ហើយយកទៅរម្ងាស់ បន្ទាប់មកវានឹងក្លាយជាទៅជាស្ករ ដោយគ្មានការបន្ថែម សារធាតុផ្សំផ្សេងទៀត។ ដូចនេះវាពិតជាធម្មជាតិ ១០០%។ បន្ថែមពីនេះ ស្ករត្នោតកំពង់ស្ពឺមានរសជាតិខារ៉ាម៉ែល ដែលមានលាយឡំជាមួយរសជាតិវ៉ាននីឡា ដែលធ្វើឲ្យវាមានលក្ខណៈខុសប្លែកពីស្ករដទៃទៀត។
តើអ្នកប្រើស្ករត្នោតកំពង់ស្ពឺក្នុងការចំអិនម្ហូបរបស់អ្នកយ៉ាងដូចម្តេច?តើវានាំឲ្យមានភាពខុសប្លែកយ៉ាងដូចម្តេចខ្លះ?
ជាក់ស្តែងខ្ញុំតែងតែប្រើស្ករត្នោតកំពង់ស្ពឺ ជាគ្រឿងផ្សំសម្រាប់ការធ្វើនំរបស់ខ្ញុំ។ មិនតែប៉ុណ្ណោះ ខ្ញុំក៏ប្រើវាក្នុងការធ្វើទឹកជ្រលក់ ដើម្បីបន្ថែមរសជាតិផ្អែម ដែលមានក្លិនវ៉ានីឡា ហើយមិនធ្វើអោយបាត់បង់នូវរសជាតិផ្សេងទៀត។ ស្ករត្នោតកំពង់ស្ពឺ គឺមានលក្ខណៈល្អឥតខ្ចោះសម្រាប់ការធ្វើឲ្យម្ហូបមានលក្ខណៈពិសេស។